ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគី ជាមួយមេបញ្ជាការកងទ័ពជើងគោក នៃកងភូមិន្ទថៃ នៅរាជធានីបាងកក

(បាងកក)៖ នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងភូមិន្ទថៃ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយនឹង លោកនាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) មេបញ្ជាការកងទ័ពជើងគោកនៃកងភូមិន្ទថៃ។

ជំនួបនេះ ត្រូវបានរៀបចំឡើង ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការលើកទី២ របស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅព្រះរាជាណាចក្រថៃ តបតាមការអញ្ជើញរបស់សមភាគីមិត្ត។
នាយឧត្តមសេនីយ៍ ណារ៉ុងផាន់ ជិតកែវធែ បានសម្តែងនូវក្តីសោមនស្សរីករាយប្រកបដោយកិត្តិយស ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងបានរំឭកឡើងវិញអំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចផ្លូវការរបស់ រូបលោកផ្ទាល់ នៅព្រះរាជាណាចក្រកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ។ ក្នុងនេះ នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និយាយជារួម និងនិយាយដោយឡែក អំពីការអភិវឌ្ឍសមត្ថភាពរបស់កងយោធពលខេមរភូមិន្ទ ដែលកំពុងដំណើរការបោះជំហានជាក់ស្តែងទៅមុខគួរឱ្យកត់សម្គាល់។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងអំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការល្អលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុង «ភាពជាដៃគូសន្តិភាព និងវិបុលភាព» និងបានចាត់ទុកថាដំណើរទស្សនកិច្ចលើកនេះ គឺជាសក្ខីភាពនៃការបន្តរក្សានូវទំនាក់ទំនងដ៏ល្អជាប្រពៃណី និងប្រកបដោយអត្ថន័យសម្រាប់កងទ័ពជើងគោកនៃប្រទេសទាំងពីរកម្ពុជា-ថៃ ស្របពេលដែលទំនាក់ទំនងទ្វេភាគីរវាងប្រទេស និងប្រជាជនទាំងពីរ ក៏កំពុងត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ទាំងក្នុងដំណាក់កាលនៃការរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ និងដំណាក់កាលនៃការងើបឡើងវិញចេញពីវិបត្តិនេះ។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីនេះ សមភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងនៃប្រទេសទាំងពីរក្នុងការងារទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែននានា ដូចជា៖ ការកាប់ឈើខុសច្បាប់, ចរាចរណ៍គ្រឿងញៀន និងការជួញដូរមនុស្ស ក៏ដូចជាការរក្សាបាននូវទំនាក់ទំនងការងារជាប់ជាប្រចាំរវាងថ្នាក់យោធភូមិភាគ និងកិច្ចសហការផ្ទាល់រវាងអង្គភាពជួរមុខ ទោះបីក្នុងអំឡុងពេលមានការរាតត្បាតខ្លាំងនៃជំងឺកូវីដ-១៩ ក៏ដោយ។
សំខាន់ផងដែរនោះ នៅចំពោះមុខស្ថានការណ៍ជាយថាហេតុ និងគ្រោះមហន្តរាយផ្សេងៗ កងកម្លាំងនៃប្រទេសទាំងពីរ តែងបានយកចិត្តទុកដាក់សហការ និងជួយគ្នាទៅវិញទៅមកយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវខ្ពស់។
មួយវិញទៀត សមភាគីទាំងពីរ ក៏បានសម្តែងនូវការពេញចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តខ្លឹមសារនៃ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-ToR» រវាងកងទ័ពជើងគោកទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងទៅ នៅព្រះរាជាណាចក្រកម្ពុជា រហូតសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាក់ស្តែងជាច្រើនលើការងារមួយចំនួន ជាអាទិ៍៖ ការផ្លាស់ប្តូរអ្នកជំនាញ, ការផ្លាស់ប្តូរទស្សនកិច្ច, ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស, ការលោតឆត្រមិត្តភាព និងការរៀបចំលំហាត់ហ្វឹកហ្វឺនរួម (Land Ex THACAM)។
សម្រាប់ទិសដៅទៅមុខ សមភាគីទាំងពីរ បានបង្ហាញនូវឆន្ទៈក្នុងការបន្តថែរក្សាទំនាក់ទំនងមិត្តភាពរឹងមាំ និងសកម្មភាពកិច្ចសហប្រតិបត្តិការល្អក្នុងកម្រិតកងទ័ពជើងគោក និងបណ្តាកងឯកភាពចំណុះ ស្របទៅតាមខ្លឹមសារនៃ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ-TOR» រវាងកងទ័ពជើងគោកទាំងពីរ សំដៅធ្វើយ៉ាងណាបន្តថែរក្សាចំណងសាមគ្គីភាព មិត្តភាព ការទុកចិត្តគ្នា និងការសហការគ្នាឱ្យបានស្អិតរមួតបន្ថែមទៀត ដែលជាមូលដ្ឋានមិនអាចខ្វះបានដើម្បីការពារ និងកសាងប្រទេសជាតិទាំងពីរ ឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នា នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម៕