
ចិនលើកទឹកចិត្តកម្ពុជា–ថៃ ឱ្យត្រឡប់ទៅរកទំនាក់ទំនងប្រក្រតីវិញ និងគាំទ្រកម្ពុជាដោះស្រាយវិវាទព្រំដែនជាមួយថៃ តាមសន្តិវិធី មិនប្រើកម្លាំងយោធា
នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ាង ហ៊ូនឹង ប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៅរាជធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះកឧត្តម វ៉ាង ហ៊ូនឹង បានបង្ហាញការពេញចិត្តចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ដែលកំពុងពង្រឹងឡើងជាបន្តបន្ទាប់គ្រប់វិស័យ។
ទាក់ទងនឹងស្ថានភាពជម្លោះព្រំដែនកម្ពុជា–ថៃ ឯកឧត្តម វ៉ាង ហ៊ូនឹង បញ្ជាក់ថា៖ ប្រទេសចិន គាំទ្រចំពោះបទឈប់បាញ់រវាងកងទ័ពទាំងពីរ និងគាំទ្រតួនាទីរបស់ប្រទេសម៉ាឡេស៊ី ក្នុងការសម្របសម្រួលកិច្ចព្រមព្រៀងឈប់បាញ់។ ព្រមជាមួយនេះ ប្រទេសចិនក៏បានលើកទឹកចិត្តឱ្យកម្ពុជានិងថៃ បន្តពង្រឹងទំនាក់ទំនង និងនាំឱ្យស្ថានការណ៍វិលត្រឡប់ទៅរកភាពប្រក្រតីវិញនៅពេលឆាប់ៗ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា ចង់ឱ្យប្រទេសចិន ជួយជំរុញឱ្យភាគីទាំងពីរ ជៀសវាងការប្រើប្រាស់កម្លាំងយោធាដើម្បីដោះស្រាយបញ្ហាព្រំដែន។ សម្តេចធិបតី បានផ្តោតលើសារៈសំខាន់នៃការដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការចម្រុះព្រំដែនកម្ពុជា–ថៃ (JBC) ដោយផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី សន្ធិសញ្ញាពាក់ព័ន្ធ និងច្បាប់អន្តរជាតិ។