ល្បែងស៊ីសង”បាញ់អាប៉ោង”ដុះស្លែ មួយកន្លែងនៅក្នុងទឹកដី ឃុំសឿ ស្រុកមង្គលបូរី នៅតែបន្តបើកដំណើរការអនាធិបតេយ្យ រីឯ.អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មិនហ៊ានធ្វើការបង្រ្កាប។

ខេត្តបន្ទាយមានជ័យ ÷ ទីតាំងល្បែងសុីសង”បាញ់អាប៉ោង”ខុសច្បាប់ មួយកន្លែងស្ថិតនៅភូមិផ្លូវដំរីក្រោម ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកលេងគគ្រឹកគគ្រេងទាំងយប់ ទាំងថ្ងៃ ខណៈ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បានរក្សាស្ងៀមស្ងាត់ មិននាំគ្នាធ្វើការបង្រ្កាប! ហ៊ានផ្គើននិងបទបញ្ជាស្តីពីការទប់ស្កាត់ របស់ សម្តេចតេជោ ហ៊ុនសែន អតីត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានរាយការណ៍មកថា! មានទីតាំងល្បែងសុីសង”បាញ់អាប៉ោង”ខុសច្បាប់ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក ពោលគឺលេងរាល់ថ្ងៃ ខួបប្រាំង ខួបវស្សាតែម្តង មិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ឋក្នុងមូលដ្ឋាន មានវិធានការបង្រ្កាបនោះទេ? ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា! អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បើកភ្លើងខៀវមិនខាន ទើបអាចបើកលេងបានដោយរលូនបែបនេះ។

ប្រភពដដែលបានឲ្យដឹងទៀតថា! បនល្បែងសុីសង”បាញ់អាប៉ោង”ដុះស្លែ ដែលមានទីតាំងខាងលើ លេងភ្នាល់ដាក់ប្រាក់ នាំគ្នាហ៊ោកញ្ជ្រៀវទ្រហឹងអឺងកង ធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្បែរនោះ មានការព្រួយបារម្ភ បញ្ហាសុវត្ថិភាពគ្រួសារ និងភាពភ័យខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ជាដើម។

ដូច្នេះហើយ ប្រជាពលរដ្ឋនាំគ្នា សំណូមពរទៅដល់ ឧត្តមសេនីយ៍ទោ សិទិ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះទីតាំងល្បែងស៊ីសង”បាញ់អាប៉ោង”ដុះស្លែ មួយកន្លែងស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង។

អង្គភាពយើងខ្ញុំ ការផ្សព្វផ្សាយនេះ ទៅតាមវីជ្ជាជីវៈរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ៕