លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រួមគ្នាអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឱ្យបាន សម្រេចជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន =============

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមការងារគណបក្សខេត្តស្វាយរៀងប្រចាំឆ្នាំ២០២២ និងទិសដៅ ឆ្នាំ២០២៣ ថ្ងៃអាទិត្យ២ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៣ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបាន កោតសរសើរ និងវាយយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ឯកឧត្តម ប្រធានគណបក្សខេត្ត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រួមជាមួយក្រុមការងារគ្រប់ថ្នាក់ ជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ទោះបីជាក្នុងដំណាក់កាលកូវីដ ១៩ ក៏គ្រប់ថ្នាក់បានយកចិត្តទុកដាក់យ៉ាងសកម្ម សហការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ជូនខេត្តស្វាយរៀងគួរជាទីមោទនៈ ។

លោកជំទាវបានបន្តទៀតថា ក្រុមការងារគណបក្សគ្រប់ថ្នាក់ និងគណបក្សគ្រប់ថ្នាក់ ត្រូវ បន្ត សហការរួមគ្នាប្រើប្រាស់ ឱ្យអស់លទ្ធភាពទាំងកម្លាំងសរុប មធ្យាបាយសរុប ក្នុងការចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ នូវ សេចក្តីសម្រេចលេខ ៖ ៣៣៣ / ០៨២២/សស.គក របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និង ផែនការសកម្មភាព លេខៈ ០០១/២២ ផក.គខ របស់ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ។

លោកជំទាវក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំសាខាបក្ស មន្ទីរ អង្គភាព និងប្រធាន អនុប្រធាន គណៈកម្មាធិការគណបក្សក្រុងស្រុក គ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជា សូមបន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងរឹងមាំ ខិតខំបន្តអនុវត្តកម្មវិធីនយោបាយ និងសេចក្ដីសម្រេចនានារបស់គណបក្សឱ្យបានសម្រេចជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជន៕