រថយន្ត២គ្រឿងបើកបុកគ្នាក្រឡាប់ផ្ងារជើង ធ្លាក់ផ្លូវ របួស៣នាក់..!!

(ព្រះសីហនុ)៖ រថយន្តហុីយ៉ាន់ដាយទ្រុងមួយគ្រឿងបើកល្បឿនលឿន វ៉ាជែងមិនផុតជ្រុលបុកជាមួយរថយន្តឡិច សុីសRX300បើកស្របទិស បណ្តាលឲ្យក្រឡាប់ផ្ងារជើង និងធ្លាក់ផ្លូវ របួស៣នាក់ ចំណែកអ្នកបើកបររថយន្តទាំង២គ្រឿង នាំគ្នារត់គេចខ្លួនបាត់អស់ ។

ហេតុការណ៍ខាងលើកើតឡើង កាលពីព្រលឹមថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ក្នុងឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងរថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BS-4217 បើកបរក្នុងទិសដៅពីលិចទៅកើត ព្រះសីហនុ-ភ្នំពេញ ល្បឿនលឿន លុះដល់ចំណុចកើតហេតុវ៉ាជែង តែមិនផុតក៏ជ្រុលបុកពីចំហៀងរថយន្ត ម៉ាកឡិចសុីសRX300 ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I-4294 កំពុងបើកស្របទិសគ្នា បណ្តាលឲ្យរថយន្តហុីយ៉ាន់ដាយក្រឡាប់ផ្ងារជើង រថយន្តឡិចសុីសធ្លាក់ផ្លូវ រងរបួសអ្នករួមដំណើរចំនួន៣នាក់ រងរបួសផងដែរ ទី១ ឈ្មោះ ភ័ណ្ឌ ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅខេត្តព្រះសីហនុ , ទី២ ឈ្មោះ ឡែន ទ្រី ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅអូរ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ , ទី៣ ឈ្មោះ ស៊ីម សាឃ័រ ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ចំណែកអ្នកបើកបររថយន្តទាំង២គ្រឿង បែនាំគ្នារត់គេចបាត់អស់ ទុកតែរថយន្តនៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ ជនរងគ្រោះ៣នាក់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តទាំង២គ្រឿង សមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រងចាំម្ចាស់សងខាងចូលខ្លួនដោះស្រាយពេលក្រោយ ៕ ថ្ងៃទី២៣, ០១, ២០២៣