ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឆបោកប្រាក់ជិត១ម៉ឺនដុល្លា ក្រោមរូបភាពផ្ញើលុយ ឬសម្ភារមានតម្លៃមកពីក្រៅប្រទេស 01, 09,2022

(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានពាក់ព័ន្ធនឹងករណីបទឆបោកប្រាក់ពីជនរងគ្រោះជិត១ម៉ឺនដុល្លារ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន ព្រមទាំងបញ្ជាដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំង ស្រាវជ្រាវបង្ក្រាបបាន​ជនសង្ស័យ២នាក់ ក្នុងករណីឆបោកក្រោមរូបភាពផ្ញើលុយ ឬសម្ភារមានតម្លៃមកពីក្រៅប្រទេស​ ។

តាមប្រពភព័ត៌មានពី នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃបានឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះថា កាលពីអំឡុងខែសីហា ឆ្នាំ២០២២ មានគណនីហ្វេសបុកឈ្មោះ ប៉ារីម៉ាល់ ( PARIMAL )បានប្រាប់ថា រូបគេជាប់នៅប្រទេសអ៊ុយក្រែន ហើយត្រូវការផ្ញើប្រាក់មកទុកនៅស្រុកខ្មែរ ដើម្បីរកមនុស្សចិត្តល្អជួយរក្សាទុកឱ្យ ហើយឈ្មោះ ប៉ារីម៉ាល់ (PARIMAL) ធ្វើជាជ្រើសរើសយកជនរងគ្រោះឈ្មោះ ឯក ពិសិដ្ឋ ភេទប្រុស រស់នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បន្ទាប់មក ក៏មានស្ត្រីជនជាតិខ្មែរម្នាក់ អះអាងខ្លួនជាមន្រ្តីគយ ដែលបានឃាត់ប្រាក់ខាងលើ ស្ត្រីនោះបញ្ជាក់ទៀតថា ទាល់តែបង់ប្រាក់ពិន័យចំនួន១៧,៥០០ដុល្លារ តាមរយៈវីងលេខ ០៧៨ ៦៥៤ ១៧២ ទើបអាចទទួលបានកញ្ចប់ប្រាក់ខាងលើ។

ទើបនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ ជនរងគ្រោះបានផ្ញើប្រាក់ជាបន្តបន្ទាប់សរុប៩,១២០ដុល្លា។ បន្ទាប់ពីផ្ញើប្រាក់រួចហើយ ជនរងគ្រោះបានទាក់ទងទៅជនសង្ស័យ ប៉ុន្តែទាក់ទងលែងបាន។​ ចំណែកគណនីហ្វេកបុកឈ្មោះ PARIMAL ក៏មិនអាចទាក់ទងបានទៀត ទើបដឹងថាចាញ់បោកគេ។​ ប៉ុន្តែនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ ស្រាប់តែឈ្មោះ ប៉ារីម៉ាល់ (PARIMAL) បានទាក់ទងមកឱ្យជនរងគ្រោះផ្ញើប្រាក់៥០០០ដុល្លារបន្ថែមទៀត នឹងទទួលបានកញ្ចប់ប្រាក់នោះហើយ។ តែមុនពេលផ្ញើប្រាក់ជនរងគ្រោះ បានរាយការណ៍មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីជួយអន្តរាគមន៍ទើបឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ខណៈកំពុងចូលទៅដកប្រាក់នៅទីតាំងវីងមួយកន្លែង ស្ថិតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យទី១មានឈ្មោះ អិន ឆូម៉ាសែល (N’ CHO MARCEL) ភេទប្រុស ជនជាតិ កូដូវ័រ និង ទី២ឈ្មោះ ដូង ធារី ភេទស្រី ជាជនជាតិខ្មែរ។ ព្រមទាំងដកហូតបានប្រាក់ដុល្លារចំនួន ៥៨០០ដុល្លារ ដែលជាប្រាក់របស់ជនរងគ្រោះ ទូរសព្ទចំនួន០៤គ្រឿង ខ្សែដៃ១, ខ្សែក១, ស៊ីមកាតមួយចំនួន, លិខិតឆ្លងដែន០១ក្បាល និងសៀវភៅលេខទូរសព្ទរបស់ជនរងគ្រោះ០១ក្បាល។

បន្ទាប់ឃាត់ខ្លួនជនសង្ស័យ បានឆ្លើយសារភាពថា ឈ្មោះ អាស៊ី(ASIA) ភេទប្រុស ជនជាតិ វ៉េណេស៊ុយអេទ្បា រស់នៅក្រៅប្រទេស បានទំនាក់ទំនងទៅជនរងគ្រោះតាមរយៈហ្វេសប៊ុក និងសុំលេខពីជនរងគ្រោះ ថាខ្លួនចង់ផ្ញើអីវ៉ាន់ ឬប្រាក់ជាច្រើន ទៅប្រទេសកម្ពុជា ដោយឱ្យជនរងគ្រោះជាអ្នកទទួលអីវ៉ាន់ ឬប្រាក់បញ្ញើនោះ ។ បន្ទាប់មកឈ្មោះ ASIA បានផ្ញើលេខទូរសព្ទរបស់ជនរងគ្រោះឱ្យមកខ្លួន ហើយឱ្យស្ត្រីម្នាក់ដើរតួជា គយ បង្គាប់ឱ្យជនរងគ្រោះផ្ញើប្រាក់បង់ពន្ធ ដើម្បីយកទំនិញនោះចេញ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕