ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងឱកាសខួបលើកទី៧១ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ =============


នៅរសៀលថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូដែលរួមមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ។

សូមជម្រាបថា ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺជាខួបលើកទី ៧១ឆ្នាំ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងជាទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៤) ហើយជាថ្ងៃដែលប្រជាជាតិកម្ពុជាទាំងមូល បានរំដោះខ្លួនទាំងស្រុងចេញពីអាណានិគមបារាំង ក្រោមព្រះរាជបូជនីយកិច្ចដឹកនាំ ទាមទារឯករាជ្យរបស់ព្រះមហាវីរក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ”។

ក្នុងឱកាសដ៏មហានក្ខត្តឫក្ស តាងនាមថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការទាំងអស់នៃក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប សូមចងចាំជានិច្ចនូវឧបការគុណយុទ្ធជន និងបុព្វបុរសដែលបានពលីដើម្បីជាតិ និងប្រជារាស្ត្រ និងសូមចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យដ៏ឧត្ដុង្គឧត្ដមបំផុតនៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គបានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុតធ្វើការតស៊ូ ដើម្បីទាមទារឯករាជ្យដ៏ពិតប្រាកដនៅកម្ពុជា៕

#Cambodia #mowram #ការព្យាករធាតុអាកាស #កម្ពុជា #ប្រព័ន្ធធារាសាស្ត្រ #វិស័យធនធានទឹក #តំបន់មាត់សមុទ្រ #រាជធានីភ្នំពេញ #តំបន់ខ្ពង់រាប #តំបន់ទំនាបកណ្ដាល #សន្តិភាពនៅកម្ពុជា