សម្តេចធិបតីហ៊ុន ម៉ាណែត ប្រាប់ឲ្យចៅហ្វាយក្រុងត្រៀមឡានជិត៥០០គ្រឿងសម្រាប់ដឹកពលរដ្ឋទៅស្រុកកំណើតនិងខេត្តទិសឦសានពេលភ្ជុំបិណ្ឌដោយឥតគិតថ្លៃ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រាប់ឲ្យឲ្យអភិបាលរាជធានីភ្នំពេញបានត្រៀមរៀបចំរថយន្តក្រុងជិត៥០០គ្រឿង សម្រាប់ដឹកពលរដ្ឋទៅលេងស្រុកកំណើត ពេលភ្ជុំបិណ្ឌដោយឥតគិតថ្លៃក្នុងនោះ រថយន្ត៥៦គ្រឿង សម្រាប់ពលរដ្ឋដែលចង់មានដំណើរកម្សាន្តទៅកាន់ខេត្តទិសឦសានដោយឥតគិតថ្លៃ និងធ្វើឱ្យបានល្អប្រសើរដូចសព្វដង ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមចំនួន០៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមានអគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈ មណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ឱ្យដឹងថា នៅក្នុងពេលបុណ្ឌភ្ជុំបិណ្ឌខាងមុខនេះ សាលារាជធានីភ្នំពេញបានត្រៀមរថយន្តក្រុង រហូតទៅដល់ជិត៥០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋ ដែលនឹងទទួលបានឱកាសឈប់សម្រាកពីការងារ ទៅកាន់ស្រុកកំណើត ដោយឥតគិតថ្លៃ ដូចដែលធ្លាប់បានធ្វើអស់រយៈកាលជាយូរមកហើយ ។
ជាងនេះទៅទៀត មានរថយន្តពិសេសចំនួន៥៦គ្រឿង សម្រាប់ធ្វើដំណើរទៅកាន់ខេត្តនៃទិសឦសាន មានដូចជាខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ដែលសុទ្ធតែបម្រើជូនពលរដ្ឋ ដោយមឥតគិតថ្លៃទាំងទៅទាំងមក និងថែមទាំងមានការរៀបចំជាទឹកពិសារថែមទៀតផង ។
សម្តេចធិបតីក៏បានបញ្ចាក់ថា តាមអ្វីដែលសាលារាជធានីភ្នំពេញ បានរាយការណ៍ជូនសម្តេច នឹងមានរថយន្ត៤៩៧គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋទៅលេងស្រុកកំណើត រយៈពេល៥ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ក្នុងនោះ មានរថយន្ត៥៦គ្រឿង សម្រាប់ដឹកជញ្ជូនឥតគិតថ្លៃដូចគ្នា ទៅលេងកម្សាន្តទៅកាន់ខេត្តនៃទិសឦសានផងដែរ ។
សម្តេចធិបតីបានគូសថា «សូមឯកឧត្តម ឃួង ស្រេង ដើម្បីពិនិត្យមើលនៅក្នុងការ ជូនប្រជាពលរដ្ឋទៅតាមផ្ទះស្រុកកំណើតរបស់គាត់លេងពេលភ្ជុំបិណ្ឌនេះ ក៏ដូចជាខេត្តនៅតាមទិសឦសាន ដើម្បីឱ្យបានសប្បាយពេលភ្ជុំបិណ្ឌនេះ ភ្ជុំបិណ្ឌធំរបស់យើង»។
ជាមួយគ្នានេះដែរសម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំទៅដល់អាជ្ញាធររាជធានីខេត្តទាំងអស់ ត្រូវរៀបចំបង្ការឱ្យបានខ្ពស់ តាមរយៈការពង្រឹងច្បាប់ចរាចរ ជាពិសេស ទៅលើអ្នកដែលបើកបរជាមួយស្ថានភាពស្រវឹងក្នុងខ្លួន៕