ទីតាំងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ និងល្បែងឆ្នោតកន្ទុយលេខ ជាច្រើនកន្លែងក្នុង សង្កាត់សាលាកំរើក ក្រុងសៀមរាប សមត្ថកិច្ច អសមត្ថភាពក្នុងការបង្រ្កាប! ……..
ខេត្តសៀមរាប ÷ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា! ទីតាំងបើកលេងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ និងល្បែងឆ្នោតកន្ទុយលេខ ជាច្រើនកន្លែង ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ម្ចាស់មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។
មជ្ឈដ្ឋានខាងក្រៅ !. និងប្រជាពលរដ្ឋរស់នៅក្នុង សង្កាត់សាលាកំរើក ក្រុងសៀមរាប បានបន្តថា! ទីតាំងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ និងល្បែងឆ្នោតកន្ទុយលេខ ជាច្រើនកន្លែងនេះ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះមកអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ដែលធ្វើឲ្យគេសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន មួយចំនួន សម្ងំ ទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗ ពីម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះ ហើយមើលទៅ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋរស់នៅសព្វថ្ងៃនេះ មានការព្រួយបារម្ម និងភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ និងសុវត្ថិភាព គ្រួសារពួកគាត់ ព្រោះថាទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសារ ជាក់មិនខាន ។
ជុំវិញករណីនេះដែរ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ជួយចាត់មន្ត្រី ក្រោម ឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គល ដែលហ៊ានបើកលេងល្បែងជល់មាន់ និងឡូតូ តាមអនឡាញ និងល្បែងឆ្នោតកន្ទុយលេខ ជាច្រើនកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ស្របតាមគោលនយោបាយ ភូមិ.ឃុំ.មាន សុវត្ថិភាព ទាំង៧ចំណុច របស់ រាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញឲ្យ មន្ត្រី ថ្នាក់ ក្រោម ជាតិ អនុវត្ត ទប់ស្កាត់ និងបង្ក្រាប! ទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំង ប្រទេស កន្លងមក៕
អង្គភាពយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ទៅតាម វីជ្ជា ជីវៈ រិះគន់ ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់ បំបែកបំបាក់ បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ។