មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ ទទួលបដិសណ្ឋារកិច្ច និងស្វាគមន៍ ប្រតិភូគណៈបញ្ជាការ យោធាខេត្តអានយ៉ាង យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម

ខេត្តតាកែវ៖ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានទទួលស្វាគមន៍ លោក វរសេនីយ៍ឯក ថាច់ ថាញ់ទូ មេបញ្ជាការ យោធាខេត្តអានយ៉ាង យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដែលបានដឹកនាំប្រតិភូអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងតាកែវ ។

ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី នាង សុភារ៉ា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងតាកែវ បានថ្លែងនូវសុន្ទរកថាស្វាគមន៍ចំពោះ លោកវរសេនីយ៍ឯក ថាច់ ថាញ់ទូ និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកសំណេះសំណាល សាកសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ដែលនឹងឈានមកដល់នៅពេលខាងមុខនេះ ។

លោកវរសេនីយ៍ឯក ថាច់ ថាញ់ទូ មេបញ្ជាការ យោធាខេត្តអានយ៉ាង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ បក្ស និងរដ្ឋ ជាពិសេសកងទ័ព និងប្រជាជនវៀតណាម ព្រមទាំងបានជូនពរក្នុងឱកាសបុណ្យឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត លើគ្រប់ភារកិច្ច ។