ឯកឧត្តម កែវ ពិសិដ្ឋ នាំយកអាវពេទ្យ និងគ្រែសម្រាប់អ្នកជម្ងឺប្រគល់ជូន មណ្ឌលសុខភាពឃុំពពេល និងមន្ទីពេទ្យបង្អែកពញាក្រែក ខេត្តត្បូងឃ្មុំ =============

ឯកឧត្តម កែវ ពិសិដ្ឋ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងអនុប្រធានក្រុមការងារចុះជួយស្រុកពញាក្រែកខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារចុះជួយឃុំពពេល ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ បាននាំយកអាវសម្រាប់គ្រូពេទ្យ PPE ចំនួន៧១០ ឈុត និងគ្រែសម្រាប់អ្នកជម្ងឺចំនួន៣ ជូនដល់មន្ទីពេទ្យបង្អែកពញាក្រែក ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ក៏បានប្រគល់ជូនមណ្ឌលសុខភាពឃុំពពេលផងដែរ នូវគ្រែអ្នកជំងឺចំនួន២ និងអាវពេទ្យ PPE ចំនួន៣៥០ ឈុត។

នៅក្នុងឱកាសនោះឯកឧត្តម កែវ ពិសិដ្ឋបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី ជូនចំពោះថ្មាក់ដឹកនាំ និងគ្រូពេទ្យទាំងអស់ដែលកំពុងបំរើការនៅមន្ទីពេទ្យ ដោយឯកឧត្តមបានលើកឡើងថាជានិច្ចកាលសម្តេចតែងបានយកចិត្តទុកដាក់និងផ្តល់អត្ថិភាពខ្ពស់លើវិស័យសុខាភិបាល។

ទន្ទឹមនិងនេះ ឯកឧត្តម កែវ ពិសិដ្ឋ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះពលីកម្មរបស់បុគ្គលិកពេទ្យ ក៏ដូចជាក្រុមគ្រូពេទ្យ លោកវេជ្ជបណ្ឌិតទាំងអស់ដែលបានខិតខំបម្រើសេវាសុខាភិបាលជូនពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសនៅកំលុងពេលជំងឺកូវីដ-១៩ រាលត្បាត ដោយមិនខ្លាចផលប៉ះពាល់សុខភាពផ្ទាល់ខ្លួន និងមិនខ្លាចនឿយហត់ ទោះគ្មានពេលសម្រាកយ៉ាងណាក្តី។ ពលីកម្មរបស់គ្រូពេទ្យ ជាកុសលនិងអំពើល្អ ដែលពលរដ្ឋមិនអាចបំភ្លេចបានឡើយ។

ឯកឧត្តម កែវ ពិសិដ្ឋ បានមានប្រសាសន៍ទៀតថាសម្រាប់មន្ទីពេទ្យបង្អែកពញាក្រែក នៃខេត្តត្បូងឃ្មុំនេះសម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភាតែងបានយកចិត្តដាក់យា៉ងខ្លាំង ដោយសម្តេចបានជួយឧបត្ថម្ភជាសម្ភារះបរិក្ខាពេទ្យនិងថវិកាជាច្រើនឆ្នាំមកហើយគិតចាប់តាំងពីឆ្នាំ២០០៦មក ។

ឯកឧត្តម កែវ ពិសិដ្ឋ បានគូសបញ្ចាក់ថានៅក្នុងដំណាក់កាលនៃការរីករាលដាលនៃវិបត្តជម្ងឺកូវីដ១៩កន្លងមកនេះ សម្តេចអគ្គមហាពញាចក្រីហេងសំរិនបានឧបត្ថម្ភថវិកាចំនួន៨០លានរៀល ឯកឧត្តម វង សូត ៤០លានរៀល និងឯកឧត្តមផ្ទាល់២០លានរៀលសម្រាប់បំរើដល់ការងារកូវីដ ក្នុងក្រមខណ្ឌនៃខេត្តត្បូងឃ្មុំផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមបានសំណូមពរដល់ក្រុមគ្រូពេទ្យទាំងអស់បន្តសកម្មភាពមនុស្សធម៌ នៅក្នុងការព្យាបាលជំងឺពលរដ្ឋជាបន្តទៀតដោយប្រកាន់នូវក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់បំផុត។
ឯកឧត្តម កែវ ពិសិដ្ឋ បានឧបត្ថម្ភថវិកា១លានរៀល ដល់មន្ទីពេទ្យបង្អែកពញាក្រែកព្រមទាំងបានឧបត្ថម្ភថវិកាដល់បុគ្គលិកពេទ្យ ចំនួន៨២នាក់ក្នុងម្នាក់ៗបាន៥ម៉ីនរៀល៕