ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អនុញ្ញាតឱ្យកីឡាករ កីឡាការិនីការ៉ាតេ ចំនួន ២១នាក់ ចូលជួបសម្ដែងការគួរសម

ខេត្តកណ្ដាល ៖ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ កីឡាករ កីឡាការិនីការ៉ាតេ ចំនួន ២១នាក់ បានចូលជួបសម្ដែងការគួរសម និងសំណេះសំណាលជាមួយឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល។

ក្នុងការជួបសម្ដែងការគួរសមនាពេលនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា នៅឆ្នាំ២០២៣ កម្ពុជាយើងនឹងធើ្វជាម្ចាស់ផ្ទះ នៃកីឡាស៊ីហ្គេម អាស៊ាន ដូចនេះកីឡាករកីឡាការិនីការរ៉ាតេ ទាំង ២១នាក់ ត្រូវតែបន្តការហ្វឹកហាត់បន្ថែម ដើម្បីបង្កើនសមត្ថភាព និងបង្កើនសុខភាពរបស់ខ្លួន ដើម្បីចូលរួមការប្រកួតជាមួយបណ្ដាលប្រទេស អាស៊ាន ដែលបានចូលរួមប្រកួតក៍ដូចជាការប្រកួតលើឆាកអន្តរជាតិ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា គោលដៅ​នៃ​ការ​ហ្វឹកហាត់​នេះ គឺ​ដើម្បី​ត្រៀម​ចូលរួម​ប្រកួតកីឡា​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២២ និងការប្រកួតជើងឯកអាស៊ីលើកទី១៧ នៅទីក្រុង Almaty ប្រទេស KAZAKHSTAN ដែល​គ្រោង​ធ្វើឡើង​នាពេលឆាប់ៗនេះ ផងដែរ។

ក្នុងឱកាសនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានឧបត្ថម្ភដល់កីឡាករ កីឡាការិនី ទាំង២១នាក់ ក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន ១០០ដុល្លារ គ្រូបង្វឹកក្នុងមួយនាក់ៗថវិកា ៣០០ដុល្លារ និងជំនួយការគ្រូបង្វឹកម្នាក់ៗ ២០០ដុល្លារ រួមនឹងសំលៀកបំពាក់មួយឈុត ព្រមទាំងឧបត្ថម្ភថវិកាចំនួន ២០លានរៀល សម្រាប់ការធើ្វដំណើរទៅប្រកួតជើងឯកអាស៊ីលើកទី១៧ នៅទីក្រុង Almaty ប្រទេស KAZAKHSTAN ផងដែរនេះគឺជាផ្នែកមួយដើម្បីលើកទឹកចិត្តកីឡាករ-កីឡាការិនី ក៏ដូចជា គ្រូបង្វឹកដែលបានខិតខំយ៉ាងខ្លាំងនៅក្នុងវិស័យកីឡាកន្លងមក៕