ក្រសួងបរិស្ថាន គ្រោង​នឹង​បំពាក់​កាំ​មេ​រ៉ា​បន្ថែម នៅ​តំបន់​ជួរ​ភ្នំក្រវាញ ដើម្បី​តាមដាន​វត្តមាន​សត្វព្រៃ និង​ពិនិត្យមើល​ចំណី​របស់​សត្វ​ខ្លាធំ​

​​ក្រសួងបរិស្ថាន គ្រោង​នឹង​បំពាក់​កាំ​មេ​រ៉ា​បន្ថែម​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ដើម្បី​តាមដាន​វត្តមាន និង​អវត្តមាន​សត្វព្រៃ ដែលជា​ចំណី​របស់​សត្វ​ខ្លាធំ​ដូចជា​ប្រើស ខ្ទីង និង​ជ្រូកព្រៃ​ជាដើម​។ នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម​បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន កាលពីពេល​ថ្មីៗ​កន្លងមកនេះ នៅក្នុង​បទសម្ភាសន៍​ជាមួយ​អ្នកសារព័ត៌មាន​។

​យោងតាម​ប្រសាសន៍​ឯកឧត្តម​រដ្ឋមន្ត្រី តាម​ការណែនាំ​ពី​អ្នកបច្ចេកទេស​មកពី​ប្រទេស​ឥណ្ឌា ម៉ាស៊ីន​ថត​ចំនួន ១​គ្រឿង ត្រូវដាក់​ចន្លោះ​ពីគ្នា​ក្នុង​ចំងាយ​មួយ​គីឡូម៉ែត្រ​។ ក្នុង​រយៈពេល​៣​ខែ ចន្លោះ​រដូវប្រាំង និង​រដូវវស្សា កាំ​មេ​រ៉ា អាច​ចាប់​រូបភាព និង​អ្នកជំនាញ​អាច​វិភាគ​បាន​នូវ​ប្រភេទ​សត្វ​ជា​អាហារ​សម្រាប់​ស្តារ​សត្វ​ខ្លាធំ​បាន​។​

​យោងតាម​ប្រសាសន៍​របស់​ឯកឧត្តម​បណ្ឌិត អ៊ាង សុផល្លែត ការបំពាក់​កាំ​មេ​រ៉ា​នេះ​នឹង​ជួយ ផ្តល់នូវ​ទិន្នន័យ​ជាក់លាក់​នៃ​ធនធាន​សត្វព្រៃ តើ​អាច​គ្រប់គ្រាន់​សម្រាប់​សត្វ​ខ្លាធំ​។ ជួយ​អ្នក​អភិរក្ស​ក្នុងការ​រៀបចំ​ផែនការ​ដើម្បី​ស្តារ​សត្វ​ខ្លាធំ ក្នុង​លក្ខខណ្ឌ​មិនមាន​សត្វព្រៃ​ជា​ចំណី​គ្រប់គ្រាន់ តើ​ត្រូវ​បង្កាត់​ពូជ​សត្វព្រៃ​បន្ថែម ឬ​ផ្តល់​សត្វ​គោ ឬ​ក្របី​ស្រុក​ជំនួស​, សិក្សា​ពី​ដង់ស៊ីតេ​សត្វព្រៃ ដែលជា​ចំណី​របស់​សត្វ​ខ្លាធំ និង​សិក្សា​ពីរ​បាយ​និង​ភាពសំបូរ របស់​សត្វព្រៃ និង​ដែល​អាចជា​ចំណី​របស់​សត្វ​ខ្លាធំ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងថា ក្រសួងបរិស្ថាន បាន​សហការ​ជាមួយ​អង្គការ​ដៃគូ WA, CI, FFI និង​គម្រោង CSLEP បាន​ចុះ​សិក្សា និង​បានដាក់​កាំ​មេ​រ៉ា ដែល​បាន​បំពាក់​រួចរាល់​នាពេល​កន្លងមក ចំនួន​ប្រមាណ ៣៨២ ទីតាំង ក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ គិត​ចាប់ពី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ ដើម្បី​សិក្សា​វត្តមាន​សត្វព្រៃ ដែលមាន​ដោយ​កម្រ​និង​ជិត​ផុត​ពូជ ក៏ដូចជា​ក្នុង​គោលបំណង​រៀបចំ កំណត់​តំបន់​គ្រប់គ្រង និង​ផែនការ​គ្រប់គ្រង ព្រមជាមួយ​ការសិក្សា​ពី​ដង់ស៊ីតេ​សត្វព្រៃ ដែលជា​ចំណី​របស់​សត្វ​ខ្លាធំ​។​

​សូម​បញ្ចា​ក់ថា កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លងទៅ កម្ពុជា និង​ឥណ្ឌា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការ​អភិរក្ស​ជីវៈចម្រុះ ការគ្រប់គ្រង​សត្វព្រៃ​ដោយ​និរន្តរភាព និង​យុទ្ធសាស្ត្រ​ស្តារ​សត្វ​ខ្លាធំ និង​ទីជម្រក​របស់​វា​នៅ​ប្រទេស​កម្ពុជា​។​

​ក្រសួងបរិស្ថាន និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ WA បានរៀបចំ​ដីព្រៃ​ទំហំ​៩០​ហិកតា ស្ថិតក្នុង​ដែន ជម្រក​សត្វព្រៃ​តា​តៃ​នៃ​តំបន់​ជួរ​ភ្នំក្រវាញ ដោយមាន​របង​ដែក ទ្រុង​ដែក អាងទឹក និង​សត្វព្រៃ​សម្រាប់​ជា​ចំណី​សម្រាប់​បន្ស៊ាំ​សត្វ​ខ្លាធំ ដែល​គ្រោង​ទទួល​ពី​រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា មុន​លែង​ចូល​តំបន់​ស្នូល​នៃ​តំបន់ការពារធម្មជាតិ​។​

​គម្រោង​ស្តារ​សត្វ​ខ្លាធំ​ឡើងវិញ​នេះ បាន​បង្កើតឡើង បន្ទាប់ពី​បាត់​វត្តមាន​ពី​ទឹ កដី​កម្ពុជា កាលពី​អំឡុង​ឆ្នាំ​២០០៧ ខណៈ​នៅ​ទូទាំង​ពិភពលោក គេ​ប៉ាន់ ប្រមាណ​ថាស​ត្វ​ខ្លាធំ​នៅមាន​ចំនួន ប្រហែល ៣២០០​ក្បាល នៅ​ឆ្នាំ​២០១០​។ ចំនួន​នេះ មានការ​ថយចុះ ៩៥% បើ​ធៀប​នឹង​ចំនួន​របស់​វា ធ្លាប់មាន​វត្តមាន ក្នុង​ដើម​ទសវត្សរ៍​ទី​២០ ដែលមាន​ប្រហែល​១០​ម៉ឺន​ក្បាល នៅក្នុង​ពិភពលោក​៕