នាវាចម្បាំងកងទ័ពជើងទឹកថៃ និងពលនាវិកជិត១០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ…..!

(ខេត្តព្រះសីហនុ)÷ នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃមួយគ្រឿងឈ្មោះ HTMS RATTANAKOSIN (FS-441) នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ នេះ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។

នាវាចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃ HTMS RATTANAKOSIN (FS-441) មានបណ្ដោយជិត៨០ ម៉ែត្រ ទទឹងជិត១០ ម៉ែត្រ ជម្រៅទឹក៥ម៉ែត្រ ទម្ងន់ផ្ទុកជិត១ពាន់តោន និងចំនួនមនុស្ស ៩២នាក់។

ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាវា ចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃនាពេល នេះ ដឹកនាំដោយមេបញ្ជាការនាវាលោកវរនាវីឯក PRAKASIT SUTTIWONGKUL ប្រធានប្រតិភូ , ឧត្តមនាវីទោ ARTORN CHARAPINYO មេបញ្ជាការរងយោធភូមិភាគ១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ ហើយនាវានេះ នឹងចាកចេញពីកំពង់ផែវិញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ តាមកម្មវិធីកំណត់។

អញ្ជើញទទួលស្វាគមន៍ ប្រតិភូនាវា ចម្បាំងកងទ័ពជើងទឹកភូមិន្ទថៃ HTMS RATTANAKOSIN (FS-441) នោះ ដោយលោកឧត្តមនាវីទោ ហាស់ សុទ្ធា មេបញ្ជាការរងមូលដ្ឋានសមុទ្រ និងនាយនាវីជាច្រើនរូបទៀត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនោះ ប្រតិភូកងទ័ពជើងទឹកភូមិន្ទថៃដឹកនាំដោយលោកឧត្តមនាវីទោ ARTORN CHARAPINYO មេបញ្ជាការរងយោធ ភូមិភាគ១ បញ្ជាការដ្ឋានកងទ័ពជើងទឹកភូមិន្ទថៃ អមដំណើរដោយលោកវរនាវីទោ PRAKASIT SUTTIWONGKUL មេបញ្ជាការនាវា HTMS RATTANAKOSIN (FS-441) និងសហការី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការមូលដ្ឋានសមុទ្រផងដែរ។

ដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា របស់ប្រតិភូកងទ័ពជើងទឹកភូមិន្ទថៃ គឺដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពជើងទឹកទាំងពីរ កម្ពុជា-ថៃ៕

ចេញផ្សាយ: ថ្ងៃទី ៥ /៧ /២០២២