កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន កំពុងធ្វើឡើងនៅកម្ពុជា ដោយមានរដ្ឋមន្រ្តីការពារជាតិប្រទេសសមាជិកទាំងអស់ចូលរួម ================

(ភ្នំពេញ)៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦ (16th ADMM) និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បាន និងកំពុងបន្តធ្វើឡើងនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ នៅឯទីស្តីការក្រសួងការពារជាតិ។

កិច្ចប្រជុំគឺមានវត្តមានរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ក្នុងនោះក៏មាន នាយឧត្តមសេនីយ៍ យ៉ា ទុន អូ (Mya Tun Oo) រដ្ឋមន្ត្រីការពារជាតិសហភាពមីយ៉ាន់ម៉ា ចូលរួមផងដែរ ដែលកិច្ចប្រជុំនេះដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្តីរដ្ឋមន្ត្រីការពារជាតិ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី១៦។

គួរឱ្យដឹងសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នឹងធ្វើឡើងរយៈពេលមួយព្រឹក ហើយនៅរសៀលថ្ងៃទី២២ ខែមិថុនានេះ ក៏នឹងមានការរៀបចំកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ជប៉ុន ជារូបវ័ន្ត និងកិច្ចប្រជុំក្រៅផ្លូវការរវាងរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិនក្នុងទម្រង់ប្រព័ន្ធវីដេអូ ផងដែរ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ ដែលចេញផ្សាយកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនេះ រដ្ឋមន្ត្រីការពារជាតិអាស៊ាននឹងស្តាប់របាយការណ៍ស្តីពីការអភិវឌ្ឍថ្មីៗនៅក្នុងអាស៊ាន និងរបាយការណ៍សង្ខេបនៃលទ្ធផលរបស់កិច្ចប្រជុំឧត្តមមន្ត្រីការពារជាតិអាស៊ាន ក៏ដូចជាអនុម័តលើគំនិតផ្តួចផ្តើមថ្មីៗ និងសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន រួមមាន៖

ទី១៖ ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសអាស៊ាន ក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន
ទី២៖ ឯកសារទស្សនទាន ស្តីពីការលើកកម្ពស់យន្តការគាំទ្រសម្រាប់ស្ត្រីរក្សាសន្តិភាពអាស៊ាន
ទី៣៖ ឯកសារទស្សនទាន ស្តីពីការបង្កើតកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន
ទី៤៖ លក្ខខណ្ឌប្រតិបត្តិរបស់មជ្ឈមណ្ឌលឧត្តមភាពព័ត៌មានសន្តិសុខព័ត៌មានវិទ្យា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន
ទី៥៖ ចក្ខុវិស័យភ្នំពេញស្តីពីតួនាទីស្ថាប័នការពារជាតិក្នុងការគាំទ្រការស្តារឡើងវិញក្រោយកូវីដ១៩
និងទី៦៖ សេចក្តីប្រកាសរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ដើម្បីពង្រឹងសាមគ្គីភាពសម្រាប់សន្តិសុខប្រកបដោយសុខដុមនីយកម្ម។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល រដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏នឹងកត់សម្គាល់ឯកសារពិភាក្សាចំនួន២ រួមមាន១៖ ឯកសារពិភាក្សា ស្តីពីការលើកកម្ពស់ការចែករំលែកព័ត៌មាន រវាងគំនិតផ្តួចផ្តើមការអនុវត្តច្បាប់លម្ហសមុទ្រអាស៊ីអាគ្នេយ៍ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក ក្នុងវិស័យសន្តិសុខលម្ហសមុទ្រ និង២៖ ឯកសារពិភាក្សា ស្តីពីការឆ្លុះបញ្ចាំងប្រវត្តិសាស្ត្រយោធាដើម្បីលើកកម្ពស់សន្តិភាពជានិរន្តរ៍។

កិច្ចប្រជុំ ក៏នឹងពិនិត្យសម្រេចលើសំណើរបស់ឥណ្ឌាសុំរៀបចំលំហាត់លម្ហសមុទ្រអាស៊ាន-ឥណ្ឌា និងសម្រេចលើការរៀបចំកិច្ចប្រជុំក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការពារជាតិអាស៊ានជាមួយប្រទេសបូកមួយចំនួននៅខែវិច្ឆិកា ឆ្នាំ២០២២ ផងដែរ។

ក្នុងនាមជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំសន្តិសុខពាក់ព័ន្ធក្នុងឆ្នាំ២០២២ កម្ពុជាមានការប្តេជ្ញាចិត្តជំរុញសាមគ្គីភាពអាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈមសន្តិសុខតំបន់ក្នុងពេលបច្ចុប្បន្ន និងបញ្ហាប្រឈមកំពុងលេចឡើងថ្មីៗ តាមមូលបទ «សាមគ្គីភាពដើម្បីសន្តិសុខប្រកបដោយភាពសុខដុម»៕