
ក្រសួងសុខាភិបាល ក្រើនរម្លឹកដល់អភិបាលរាជធានី-ខេត្ត ឱ្យពង្រឹងបន្ថែមទៀត នូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរម្លឹកដល់អភិបាលរាជធានី-ខេត្តទាំងអស់ ឱ្យពង្រឹងបន្ថែមទៀត នូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
នេះបើយោងតាមលិខិតរបស់លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជម្រាបជូនដល់អភិបាលរាជធានី-ខេត្ត ដែលអង្គភាព កូនខ្មែរម្ចាស់ប្រទេស ទទួលបាននៅព្រឹកថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២១ នេះ ។
លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា ដើម្បីឱ្យកិច្ចការប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាន់តែមានប្រសិទ្ធភាពថែមទៀត ក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹកពង្រឹងបន្ថែមទៀត នូវការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយដាក់ចេញនូវការណែនាំដូចខាងក្រោម៖
១-ខិតខំជំរុញការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានសម្រេចគោលដៅ ។
២-យកចិត្តទុកដាក់ថែទាំ ព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមទីតាំងព្យាបាល និងមន្ទីរពេទ្យ ក៏ដូចជានៅតាមផ្ទះ ធ្វើយ៉ាងណាកាត់បន្ថយ ឱ្យបានជាអតិប្បរមានូវអត្រាឈឺធ្ងន់ និងស្លាប់ដោយសារជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយ តាមមគ្គុទេសក៏សម្រាប់គ្រប់គ្រង និងព្យាបាលជំងឺកូវីដ-១៩ នៃព្រះរាជាណាចក្រកម្ពុជា ដែលចេញដោយក្រសួងសុខាភិបាល ។
៣-ធ្វើការអប់រំ ផ្សព្វផ្សាយ និងណែនាំដល់ប្រជាពលរដ្ឋប្រតិបត្តិឱ្យបានត្រឹមត្រូវ នូវវិធានការសុខាភិបាល ដោយរៀនរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួន «៣ការពារ ៣កុំ» សំដៅធ្វើយ៉ាងណាកាត់បន្ថយអត្រាឆ្លងថ្មី ឱ្យបានជាអតិបរមា ។
សូមជម្រាបថា រយៈពេល ២ថ្ងៃជាប់គ្នាហើយ ដែលកម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នោះទេ ៕