ឯកឧត្តម គួច ចំរើន អភិបាលខេត្តអញ្ចើញចុះជួបសំណេះសំណាលជាមួយមន្ត្រីរាជការ នៃរដ្ឋបាលស្រុកកៀនស្វាយ (ខេត្តកណ្តាល)

នៅថ្ងៃសុក្រ០៦រោច ខែអាសាឍ ឆ្នាំរោង ឆសក័ ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីពង្រឹងការអនុវត្តន៍តួនាទីភារកិច្ច និងប្រសិទ្ធភាពការងារ។

សូមជម្រាបប្រសាសន៍ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក៍បានកោតសរសើរដោយស្មោះចំពោះថ្នាក់ ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបានរួមសាមគ្គី សហការណ៍គ្នាបានល្អ តាមតួនាទីភារកិច្ចរៀងៗខ្លួន ដើម្បីរួមចំណែកអភិវឌ្ឍន៍បាននូវសមិទ្ធផលថ្មីៗជាច្រើន និងបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការ អនុវត្តន៍គោលនយោបាយយុទ្ធសាស្ត្របច្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តមបានបន្តលើកឡើងថាៈ ដោយផ្អែកទៅតាមស្ថានភាពវិវឌ្ឍនៃប្រទេសជាតិ មន្ត្រីរាជការ ត្រូវកែប្រែឥរិយាបទពីអ្នកគ្រប់គ្រងទៅជាអ្នកបំរើសេវាសាធារណៈ មកដល់វេលានេះយើងជាមន្ត្រីរាជការដែលកំពុងបំពេញភារកិច្ចនឹងតួនាទី ត្រូវមានការយល់ដឹង ឲ្យស្របទៅតាម គោលនយោបាយនេះ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋឲ្យបានស្មើៗគ្នាដូចៗគ្នា និងកាន់តែល្អប្រសើរថែមទៀត ជាពិសេសត្រូវរួមសហការណ៍គ្នាបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឱ្យបានគាប់ប្រសើរ ដោយឈរលើ គោលការណ៍ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាពផងដែរ។ ហើយយើងជាមន្ត្រីរាជការត្រូវបម្រើប្រជាពលរដ្ឋ ពោលគឺត្រូវផ្ដល់ស្នាមញញឹម និងភាពកក់ក្ដៅជូនពលរដ្ឋដែលមករកសេវាសារធារណៈ ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកៀនស្វាយ ត្រូវបន្តអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លេីការបង្រ្កាប ទប់ស្កាត់ និងចាត់វិធានការច្បាប់យ៉ាងតឹងរ៉ឹងចំពោះបទល្មើសចោរលួច ឆក់ ប្លន់ ល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសនេសាទខុសច្បាប់ បញ្ហាគ្រឿងញៀន ក្មេងទំនើង គ្រោះថ្នាក់ចរាចរណ៍ ឲ្យបានប្រសិទ្ធភាពខ្ពស់ នឹងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានទៅលើការដឹកនាំរបស់អាជ្ញាធរ។ ជាមួយគ្នានេះ មេឃុំ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀនឃុំ ត្រូវបង្កើនសកម្មភាពបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសការផ្តល់លិខិតអត្រានុកូលដ្ឋាន និងអត្តសញ្ណាណប័ណ្ណ ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះ ឬទីកន្លែងប្រារព្ធពិធីផ្សេងៗ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានសំណូមពរដល់មន្ត្រីរាជការ ប្រជាពលរដ្ឋទូទាំងខេត្តកណ្តាល រៀបចំទូងស្គរ វាយគង ដើម្បីធ្វើការអបអរសាទរការបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នៅថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។