ទីតាំងល្បែងសុីសងតាមប្រព័ន្ធ អ៊ីនធឺណេត មួយកន្លែងក្នុង សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក បើកទទួលភ្ញៀវ ប្រុស ស្រី ក្មេង ចាស់ ចូលលេងទាំងយប់ថ្ងៃ …….

ភ្នំពេញ ÷ តាមសេចក្តីរាយការណ៍ប្រាប់មក អង្គភាព គេហទំព័រ អង្គរដេលី យើងឲ្យបានដឹងថា! បុគ្គលដែលហ៊ានបើកល្បែងសុីសងតាមប្រព័ន្ធ អ៊ីនធឺណេត មួយកន្លែងនៅក្បែរ មជ្ឈមណ្ឌលថែរក្សាសម្ផសផ្កាយប្រាក់ ប្រហែល៤០ ទៅ៥០ ម៉ែត្រ ផ្លូវលេខ១៥០ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រហែល មានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពល ទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត។

ជាងនេះទៅទៀត ទីតាំងល្បែងសុីសងតាមប្រព័ន្ធ អ៊ីនធឺណេត មួយកន្លែងក្នុង សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក កំពុងបើកដំណើរការយ៉ាងពេញបន្ទុក (ពោលគឺ)បើកលេងយប់ថ្ងៃ តែម្តង តែគេមិនដែលឃើញ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្ត ទប់ស្កាត់ និងបង្ក្រាបឡើយ! ខណៈបនល្បែងសុីសងខុសច្បាប់ នៅតែបន្តបើកលេងអនាធិបតេយ្យ។

មជ្ឈដ្ឋានខាងក្រៅ .!និងប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋាន សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក នាំគ្នាដាក់ការសង្ស័យ មន្រ្ដីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មួយចំនួន សម្ងំទទួលលាភសក្ការៈ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែងនេះ រួចហើយ មើលទៅ ទើបមានបើកល្បែងសុីសងតាមប្រព័ន្ធ អ៊ីនធឺណេត ទុកឲ្យក្រុមញៀនល្បែងប្រុស ស្រី ក្មេងចាស់ ចូលលេងយ៉ាងគគ្រឹកគគ្រេង គ្មានការបង្ក្រាប! ឬទប់ស្កាត់ ទាល់តែសោះ។

ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ ប្រជាពលរដ្ឋ រស់នៅសព្វថ្ងៃនេះ មានការភាពភ័យខ្លាចយ៉ាងខ្លាំង ចំពោះសុខទុក្ខ សុវត្ថិភាព គ្រួសារ របស់ពួកគាត់់ ព្រោះថាទីណា មានល្បែងស៊ីសង ទីនោះមិនយូរ មិនឆាប់ កើតមាននូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហិង្សា ក្នុងគ្រួសារ ជាដើម។ល។

អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ហេតុ!ដូច្នេះ ប្រជាពលរដ្ឋ សំណូមពរដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រី ក្រោមឪវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងសុីសងតាមប្រព័ន្ធ អ៊ីនធឺណឹត មួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផង ដើម្បីពង្រឹង សន្តិសុខសង្គម៕