សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យមេធាវីស្ម័គ្រចិត្តរបស់សម្តេច ទៅជួបនិងជួយការពារក្ដីជូនក្រុមគ្រួសារជនរងគ្រោះ ដែលរងអំពើបាញ់ប្រហារពីសំណាក់ ឧកញ៉ា ស្រី ស៉ីណា នៅខណ្ឌច្បារអំពៅ.!
ក្រោយទទួលដំណឹងដ៏រន្ធត់ នៃអំពើបាញ់ប្រហារពីសំណាក់ឧកញ៉ា ស្រី ស៉ីណា, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចាត់អោយបញ្ជូនមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ដឹកនាំដោយ ឯកឧត្តមមេធាវី គី តិច ទៅជួប និងជួយទទួលការពារក្ដីតាមផ្លូវតុលាការ ជូនគ្រួសារជនរងគ្រោះ។
នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន បានដឹកនាំក្រុមទៅជួបផ្ទាល់ជាមួយក្រុមគ្រួសាររបស់ជនរងគ្រោះ ដល់ទីតាំងដែលកំពុងរៀបចំធ្វើបុណ្យសពខាងបុរស ស្ថិតក្នុងវត្តចាស់ ខណ្ឌជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខាភ្នំពេញ) និងមួយក្រុមទៀត ទៅដល់ទីតាំងបុណ្យសពខាងស្ត្រី នៅខេត្តកំពត។
ក្រុមគ្រួសាររបស់ជនរងគ្រោះ មានក្ដីរំភើប និងបានគោរពថ្លែងអំណរគុណយ៉ាងក្រៃលែង ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានចាត់បញ្ជូន ផ្ដល់មេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ជួយការពារក្ដីជូនក្រុមគ្រួសាររបស់ពួកគាត់ដែលជាជនរងគ្រោះ។
សូមរំលឹកថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះ បានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ ដែលជាគូដណ្ដឹងនឹងគ្នា និង២នាក់ផ្សេងទៀតរងរបួស។ ការស្លាប់របស់ជនរងគ្រោះទាំង២នាក់គូដណ្ដឹងដែលត្រៀមចូលរោងការ នៅអំឡុងខែតុលា ឆ្នាំ២០២៤ខាងមុខនេះ បានបន្សល់នូវភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម។
ជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ទី១៖ឈ្មោះឡុង លីសុង អាយុ២៧ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី២៖ឈ្មោះ ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរអ្នកថតរូប (ស្លាប់), ទី៣៖ឈ្មោះ សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ មុខរបរអ្នកថតរូប (រងរបួស) និងទី៤៖ឈ្មោះ ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ មុខរបរអ្នកថតរូប (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ។
ដោយឡែក ខ្មាន់កាំភ្លើងដែលមានគោរមងារជាឧកញ៉ាទៀតនោះ ឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។
មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ កំពុងនៅក្នុងផ្ទះកើតហេតុ ស្រាប់តែខ្មាន់កាំភ្លើង ចូលមកសួរជនរងគ្រោះពីរឿងឈ្លោះគ្នាជាមួយក្រុមគ្រួសារ ពីរឿងហាលសំលៀកបំពាក់លើព្រំដី ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះខ្មាន់កាំភ្លើង ក៏ដកអាវុធខ្លីម៉ាក បាញ់ទៅលើពួកជនរងគ្រោះជាច្រើនគ្រាប់តែម្ដង។
ក្រោយបាញ់ប្រហារ ខ្មាន់កាំភ្លើងបានបើករថយន្ដមួយគ្រឿង ម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BL-9923 រត់គេចខ្លួនបាត់។
រំលងបានប៉ុន្មានម៉ោងក្រោយ កម្លាំងនគរបាលជំនាញ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានចាប់ខ្លួនខ្មាន់កាំភ្លើងបានត្រឡប់មកវិញ នៅចំណុចស្រុកអង្គស្នូល ខេត្តកណ្ដាល ដោយដកហូតបានរថយន្ដដែលជាមធ្យោបាយធ្វើដំណើរ និងអាវុធខ្លីសម្រាប់ធ្វើសកម្មភាព រួមជាមួយគ្រាប់១៥គ្រាប់បន្ថែមទៀត។
ទាក់ទិនការប្រព្រឹត្តបទឧក្រិដ្ឋពីសំណាក់ឧកញ៉ា ស្រី ស៉ីណា ដោយមិនខ្លាចញញើតច្បាប់បែបនេះ សមាគមឧកញ៉ា បានចេញសេចក្ដីប្រកាសព័ត៌មានផងដែរ ដោយបានបញ្ជាក់ថា ខ្មាន់កាំភ្លើងឈ្មោះ ស្រី ស៊ីណា គ្រាន់តែមានគោរមងារ «ឧកញ៉ា» ប៉ុន្តែ មិនមែនជាសមាជិកសមាគមឧកញ៉ាកម្ពុជា នៅឡើយទេ៕