ឯកឧត្តម ចាយ បូរិនអញ្ជើញជាអធិបតីភាព ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាស្រុកតំបែរ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ============


ស្រុកតំបែរ: ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅទីស្នាក់ការគណបក្សស្រុកតំបែរ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ។

ឯកឧត្តម ចាយ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីនឹករលឹក និងជូនពរជ័យ ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងបានថ្លែងអំណរគុណកោតសសើនិងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានរួបរួមសាមគ្គីគ្នាធ្វើការឃោសនារកសម្លេងឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក អាណត្តិទី៤
ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៤ គឺមានរយៈពេល៨ថ្ងៃ បានប្រព្រឹត្តិទៅដោយរលូនតាមបែបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គ្មានអំពើហិង្សា ក្រោមបរិយាកាសល្អប្រសើរ អាចទទួលយកបាន។

ហើយនៅថ្ងៃស្អែកទី២៥ ឧសភា ជាថ្ងៃសម្រាក់រក្សាភាពស្ងប់ស្ងាត់ តាមប្រតិទិនរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានរម្លឹកនូវគុណបំណាច់របស់គណ បក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាព ពេញលេញ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិតរបស់ សម្តេចតេជោ អតីតនាយករដ្ឋមន្រ្តី ប្រធានព្រឹទ្ធសភាហើយបច្ចុប្បន្នរាជរដ្ឋាភិបាលបន្តវេន ដែលដឹកដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី អាណត្តិទី៧ បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ជកោណដំណាក់កាលទី១ ដែលមានបាវចនា ចំនួន៥គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាព និងមានអាទិភាព គន្លឹះចំនួន៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ដែលជាគ្រឹះ និងជាមធ្យោបាយសំខាន់ៗនៃការសម្រេចបាននូវចក្ខុវិស័យនៅឆ្នាំ២០៥០។

ឯកឧត្តមក៏អំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ត្រូវមានវត្តមាន រក្សាសុខភាព ត្រៀមលក្ខណៈត្រួត្យពិនិត្យមើលឯកសារដែលពាក់ព័ន្ធសម្រាប់ការបោះឆ្នោតឱ្យបានត្រឹមត្រូវ ហើយទៅបោះឆ្នោតនៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ ជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កាជាសញ្ញាសម្គាល់នៅលើសន្លឹកឆ្នោតឱ្យបានគ្រប់ៗគ្នាដើម្បីបន្ត ជំរុញ និងលើកកម្ពស់ដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងចូលរួម ទាំងអស់គ្នាអនុវត្តនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដើម្បីបន្ត ពង្រឹង នូវសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ សង្គមលើគ្រប់វិស័យ នាំមកវិបុលសុខ វិបុលភាពជូនប្រជាពលរដ្ឋយើង៕