លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលជួបសម្ដែងការគួរសម ជាមួយឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំនៅកម្ពុជា ============

ភ្នំពេញ ៖ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណ រដ្ឋ សង្គមនិយមវៀតណាមប្រចំានៅកម្ពុជា នៅទីស្តីការក្រសួង នារសៀលថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០២១។

ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ជូនដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃប្រទេស វៀតណាម និងបានលើកឡើងអំពីចំណងមិត្តភាព និងកិច្ចសហប្រត្តិបត្តិការនៃប្រទេស ទាំងពីរ ដែលបានជួយគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យតាំងពីអតីតកាលរហូតដល់ បច្ចុប្បន្ន ព្រមទាំងបានលើកឡើងអំពីស្នាព្រះហស្ថរបស់ សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលបានចូលរួមក្នុងការគាំទ្រដល់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលក្នុងការ រំដោះភាគខាងត្បួងផងដែរ។

លោកជំទាវ ម៉ែន សំអន បានសម្តែងនូវការស្វាគមន៍ និងបានចាត់ទុកបេសកកម្ម របស់ ឯកឧត្តមឯកអគ្គរដ្ឋទូតថ្មីនាពេលនេះ នឹងបន្តកិច្ចសហប្រតិបត្តិការល្អប្រសើរបន្ថែមទៀត ពិសេសខាងវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអភិវឌ្ឍ ជីវភាពរស់នៅរបស់ប្រជាជននៅតាមព្រំដែន តាមរយៈនៃការសង្ឃឹមទុកថា នឹងមានការបើក ព្រំដែនប្រទេសទាំងពីរឡើងវិញ ប្រសិនបើបញ្ហាជំងឺកូវីដ១៩ នឹងបានថមថយ តាមរយៈការគ្រប់គ្រង នៃការរីករាលដាលនោះ។

ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) បានសម្តែងការចាប់អារម្មណ៍ ចំពោះការរីកចម្រើននៅកម្ពុជានាពេលបច្ចុប្បន្ន បើប្រៀបទៅនឹងប្រទេសជាតិបានរំដោះ ចេញពីរបប ប៉ុល ពត នាថ្ងៃរំដោះ៧ មករា ១៩៧៩ គឺមានភាពខុសគ្នាដាច់ស្រឡះ ព្រោះឯកឧត្តម ក៏ជាសាក្សីមួយរូបដែលធ្លាប់បានមកដល់កម្ពុជាកាលពីឆ្នាំ១៩៨០។

ជាពិសេស ជាងនេះទៅទៀតនោះ ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang) បានកោត សរសើរចំពោះការគិតគូររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការ ការពារទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈ ការដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ឬការស្រោចវ៉ាក់សាំងជូនដល់ប្រជាជន កម្ពុជារហូតសម្រេចជិត១០០ភាគរយ នៃចំនួនប្រជាជនសរុប ដែលជាកត្តាជោគ ជ័យមួយមិនត្រឹមកម្ពុជាខ្លួនឯងទេ គឺបានចែករំលែកជាបទពិសោធន៍ដល់ប្រទេសនានានៅលើ សកលលោក ក៏ដូចជាការផ្តល់វ៉ាក់សាំងមួយចំនួនជួយដល់ប្រជាជនវៀតណាម និងប្រទេស ជិតខាងទៀតផង ដែលនេះជាសេចក្តីសង្ឃឹមទុកមួយដ៏ធំធេងក្នុងការបើកប្រទេសឱ្យ ដំណើរការឡើងវិញ នឹងឈានទៅដល់ការបើកច្រកព្រំដែនរវាងកម្ពុជា វៀតណាមផងដែរ ។

ជាការឆ្លើយតបលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវមោទក ភាពមួយដែលរដ្ឋាភិបាលវៀតណាម បានចាត់តាំងឱ្យឯកឧត្តម មកបំពេញបេសកកម្មការទូត នៅកម្ពុជា ដែលជាសាក្សីមួយរូបបានដឹង និងបានឃើញផ្ទាល់ក្នុងគ្រាប្រទេសកម្ពុជា បានចាប់ផ្តើមចេញពីចំណុចសូន្យរហូតដល់មានសមិទ្ធផលដ៏ធំធេងនាពេលនេះ ដែល កើតចេញពីការខិតខំតស៊ូគ្រប់យ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានយកអាយុជីវិត ទៅប្តូរដើម្បីភាពរស់ឡើងវិញរបស់ប្រជាជន និងប្រទេសកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ក្នុងនាមប្រមុខដឹកនាំរាជ រដ្ឋាភិបាលកម្ពុជា នឹងចូលរួមសហការជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូត នៅក្នុងបេសកកម្មការ ទូតនៅកម្ពុជាឱ្យទទួលបានជោគជ័យ៕