នាយឧត្តមសេនីយ៍ សៅសុខា ៖ គ្មានការលំបាកណាដែលយើងមិនអាចធ្វើបាននោះទេ ព្រោះពួកយើងបានឆ្លងកាត់បទពិសោធន៍ និងការដឹកនាំបានល្អគ្រប់ថ្នាក់ ជាពិសេសយើងមានមគ្គុទេសក៍ដ៏ឆ្នើមគឺសម្ដេចតេជោ ហ៊ុន សែន ==============


ស្វាយរៀង ៖ នាយឧត្តមសេនីយ៍ សៅសុខា មេបញ្ជារការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា «គ្មានការលំបាកណាដែលយើងមិនអាចធ្វើបាននោះទេ ព្រោះពួកយើងបានឆ្លងកាត់បទពិសោធន៍ និងការដឹកនាំបានល្អគ្រប់ថ្នាក់ ជាពិសេសយើងមានមគ្គុទេសក៍ដ៏ឆ្នើមគឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានស្វែងរកសន្តិភាពជូនជាតិមាតុភូមិ និងប្រែក្លាយប្រទេសកម្ពុជាពីចំណុចសូន្យឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យ»។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធអាគារមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដែលចំណាយថវិកាអស់ប្រមាណជាង៤០ម៉ឺនដុល្លារ នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងមានការចូលរួមពីកងកម្លាំងទាំង៣ប្រភេទ និងមន្ត្រីរាជការជាច្រើននាក់ផងដែរ។

នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រាប់កងកម្លាំងនៅក្នុងខេត្តស្វាយរៀង ឲ្យពង្រឹងសន្តិសុខនៅតាមបន្ទាត់ព្រំដែន ដោយឈរលើមូលដ្ឋាន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ដើម្បីរក្សាបានសន្តិសុខជាតិកាន់តែល្អប្រសើរ។

នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងកោតសរសើរកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលបានបំពេញភារកិច្ច និងតួនាទីបានល្អប្រសើរឈរលើការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវ ជាពិសេសបានកសាងអាគារទីបញ្ជាការមូលដ្ឋាននៅតាមបណ្ដាស្រុកក្រុង មានកន្លែងធ្វើការសមរម្យដែលបានផ្ដល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ ក្នុងការពឹងពាក់ឱ្យសមត្ថកិច្ចកងរាជអាវុធហត្ថ ចុះអន្តរាគមន៍ពាក់ព័ន្ធទៅនឹងការបង្ក្រាបបទល្មើសផ្សេងៗផងដែរ។

សូមបញ្ជាក់ថា នៅក្នុងពិធីនេះដែរ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានឧបត្ថម្ភដល់កងកម្លាំងទាំង៣ប្រភេទ និងសាលាសង្កាត់បាវិត ដោយមួយអង្គភាពទទួលបានថវិកា៥លានរៀល៕