នគរបាលសណ្តាប់ធ្នាប់ ឃាត់ម៉ូតូ បើកបញ្ច្រាសទិស១៣គ្រឿង និងបានណែនាំអាជីវករបញ្ឈប់ការតាំងលក់ទំនិញអាហារតាមរទេះ និងតាំងលក់ទំនិញឧបករណ៍សម្ភារ:ផ្សេងៗរំលោភលើចិញ្ចើមផ្លូវ២៧១

ភ្នំពេញ ៖ នៅលើកំណាត់ផ្លូវលេខ២៧១ ខាងមុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រហូតដល់ខាងមុខខ្លោងទ្វារវត្តសន្សំកុសល ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលតែងរងការកកស្ទះចរាចរណ៍ដោយការយកចិញ្ចើមផ្លូវធ្វើអាជីវកម្មពីសំណាក់អាជីវករដាក់លក់ទំនិញអាហារតាមរទេះ និងការដាក់តាំងលក់ទំនិញសម្ភារៈឧបករណ៍ផ្សេងៗខាងមុខផ្ទះ រឺខាងមុខហាងក្រុមហ៊ុនបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ត្រូវបានកម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះទៅរៀបចំពង្រឹងអនុវត្តសណ្តាប់ធ្នាប់ និងរំដោះបានចញ្ចើមផ្លូវនៅម្តុំនោះ ឱ្យបានធំទូលាយ និងឱ្យមានរបៀបរៀបរយល្អឡើងវិញហើយ។ ជាមួយគ្នានោះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ក៏បានឃាត់ម៉ូតូធ្វើដំណើរបញ្ច្រាសទិសចំនួន១៣គ្រឿង យកមកផាកពិន័យតាមផ្លូវច្បាប់ និងការណែនាំដល់អាជីវករត្រូវបញ្ឈប់ការតាំងលក់ទំនិញ ម្ហូបអាហារ ឧបករណ៍សម្ភារៈផ្សេងៗ រំលោភលើចិញ្ចើមផ្លូវនេះតទៅទៀត ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ឱ្យបានល្អប្រសើរ ។ ការចុះរៀបចំសណ្តាប់ធ្នាប់ពីសំណាក់កម្លាំងការិយាល័យនគរបាលសណ្តាប់ធ្នាប់ រាជធានីភ្នំពេញ បានធ្វើឡើងនៅល្ងាចថ្ងៃទី០៦ ខែ ធ្នូ ឆ្នាំ ២០២១ ដឹកនាំបញ្ជាកម្លាំងផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី សែម គន្ធា ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ និងលោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក អេម សម្បត្តិ នាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ បានប្រាប់ឱ្យដឹងថា ការចុះរៀបចំសណ្តាប់ធ្នាប់នៅគោលដៅខាងលើគឺដើម្បីពង្រឹងអនុវត្តលើការងារសណ្តាប់ធ្នាប់ឱ្យមានភាពប្រសើរឡើង ខណៈដែលនៅគោលដៅនេះ គឺតែងតែរងការរិះគន់ពីប្រជាពលរដ្ឋដែលធ្វើដំណើរ និងរងការកកស្ទះចរាចរណ៍ជាប្រចាំដែលផ្លូវមានភាពចង្អៀតដោយសារការរំលោភលើទ្រូងផ្លូវ ធ្វើអាជីវកម្មរបស់បងប្អូនអាជីវករ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនបើកបរបញ្ច្រាសទិស។

លោកនាយការិយាល័យនគរបាលសណ្តាប់ធ្នាប់ប្រាប់ឱ្យដឹងទៀតថា ការចុះអនុវត្តពង្រឹងលើការងារសណ្តាប់ធ្នាប់នេះផងដែរគឺកម្លាំងបន្តអនុវត្តម៉ឺងម៉ាត់បំផុតតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវវិធានការក្តៅក្នុងការចុះពង្រឹងអនុវត្តរៀបចំសណ្តាប់ធ្នាប់ឱ្យមានភាពប្រសើរឡើង ដោយកម្លាំងបន្តត្រួតពិនិត្យជាប្រចាំ បើក្នុងករណីបងប្អូនអាជីវករមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច គឺនឹងចាប់យកទំនិញ ឧបករណ៍សម្ភារៈ ដើម្បីផាកពិន័យតាមច្បាប់។

លោកវរសេនីយ៍ឯក អេម សម្បត្តិ បានប្រាប់ឱ្យដឹងទៀតថា ជុំវិញនៃការចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កម្លាំងការិយាល័យសណ្តាប់ធ្នាប់ នឹងបន្តចុះសហការជាមួយកម្លាំងតាមបណ្តាខណ្ឌទាំង១៤ប្រើប្រាស់នូវមធ្យោបាយផ្សេងៗ ដើម្បីបន្តចេញដោះស្រាយទៅលើបញ្ហាសណ្តាប់ធ្នាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យមានគុណភាព ប្រសិទ្ធភាព និងឱ្យល្អប្រសើរ ក្នុងនោះក៏អំពាវនាវឱ្យប្រជាពលរដ្ឋទូទៅនាំគ្នាចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ចដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ ក្នុងរាជធានីភ្នំពេញឱ្យកាន់តែប្រសើរឡើងតាមរយៈនៃការចូលរួមគោរពច្បាប់ និងសេចក្តីណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច។
សូមរំលឹកថា នៅលើកំណាត់ផ្លូវលេខ២៧១ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យនេះផងដែរ កាលពីអំឡុងខែ វិច្ឆិកា កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលសណ្តាប់ធ្នាប់ រាជធានីភ្នំពេញ សហការជាមួយកម្លាំងសណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ ក៏ធ្លាប់បានចុះទៅរៀបចំសណ្តាប់ធ្នាប់នៅចំណុចខាងមុខខ្លោងទ្វារវត្តសន្សំកុសល និងក៏បានរៀបចំសណ្តាប់ធ្នាប់នៅគោលដៅនោះឱ្យមានរបៀបរៀបរយឡើងវិញហើយ ក្នុងនោះដោយមានការចូលរួមសហការពីសំណាក់បងប្អូនអាជីវករ ដែលបានគោរពអនុវត្តតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច៕