សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមាគមមិត្តភាពវៀតណាម-កម្ពុជា ថ្លែងកោតសសើរចំពោះកម្ពុជា ដែលមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ===================

ឯកឧត្តម ជិញ វិញផា (Trinh Vinh Pha) អនុប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានថ្លែងថា រូបលោកផ្ទាល់ និងប្រតិភូអមដំណើរទាំងអស់ មានសេចក្តីរំភើបឥតគណនា បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា និងបានឃើញការរីកចម្រើនមិនអាចនឹកមិនស្មានដល់ បើប្រៀបធៀបទៅនឹងអតីតកាល ៤៤ឆ្នាំមុន។
ការលើកឡើងរបស់ ឯកឧត្តម ជិញ វិញផា (Trinh Vinh Pha) បានធ្វើឡើងគ្រាដែលគណៈប្រតិភូឯកឧត្តម បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា និងត្រូវបាន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជន ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម អនុញ្ញាតឲ្យចូលជួបសម្តែងការសម នៅអគារវិមាន៧មករា នារសៀលថ្ងៃសុក្រ ៥រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអបអរសាទរចំពោះដំណើរទស្សនកិច្ច របស់ប្រតិភូនាពេលនេះ គឺស្របពេលដែល រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧ កំពុងដំណើរការយ៉ាងល្អ ទាំងទិដ្ឋភាពនយោបាយ សេដ្ឋកិច្ចនិងសន្តិសុខជាតិ តាមរយៈនៃការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ ប្រជាធិបតេយ្យ សេរីពហុបក្ស តាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងអបអរសាទរខួបលើកទី ៥៦ នៃចំណងការទូររវាងកម្ពុជា និងវៀតណាមផងដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរំឭកអំពីចំណងមិត្តភាពរវាងប្រជាជននិងប្រទេសទាំងពីរ ដែលមានជាប្រវត្តិសាស្ត្រជាយូរលង់ណាស់មកហើយ ក្នុងឋានៈជាអ្នកជិតខាងល្អ ធ្លាប់បានតស៊ូប្រឆាំងសត្រូវរួមគ្នា និងបានសហការជួយគ្នាទៅវិញទៅមក ទាំងសន្តិសុខ ទាំងការពង្រីកសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល ទាំងក្នុងក្របខណ្ឌជាតិ និងក្របខណ្ឌឯកជន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ជិញ វិញផា (Trinh Vinh Pha) បានអបអរសាទរចំពោះការអភិវឌ្ឍន៍របស់កម្ពុជាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យ និងបានប្រែក្លាយពីតំបន់អសន្តិសុខ មកជាតំបន់មានសន្តិសុខ មានស្ថេរភាពនយោបាយល្អ រក្សាបាននូវកំណើនសេដ្ឋកិច្ច និងគ្រប់គ្រងបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។

តាមរយៈ ចំណងមិត្តភាពរវាងថ្នាក់ដឹកនាំ និងថ្នាក់ដឹកនាំ ប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរបន្តថែរក្សានិងពូនជ្រំជាបន្តបន្ទាប់ ក្រោមបាវចនា ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និរន្តរភាពយូរអង្វែង។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំការសួរសុខទុក្ខ ពីសម្តេចតេជោ ផ្ញើជូនប្រតិភូទាំងអស់ប្រកបដោយការនឹករឭក និងសូមឲ្យកងទ័ពនិងប្រជាជន នៃប្រទេសទាំងពីរ បន្តកិច្ចសហការគ្នាឲ្យកាន់រឹងមាំថែមទៀត ក្នុងន័យបម្រើឲ្យផលប្រយោជន៍រួម ដើម្បីជ្រោងទង់កសាងជាតិឲ្យកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា ស្មើភាពគ្នាជាមួយប្រទេសក្នុងតំបន់ និងនៅលើពិភពលោក។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជូនពរ និងសូមឲ្យដំណើទេសចរណ៍ របស់ប្រតិភូវៀតណាមទៅកាន់ខេត្តសៀមរាប និងទៅកាន់តំបន់ផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ឲ្យទទួលបានជោគជ័យ និងសូមឲ្យដំណើរនិវត្តទៅមាតុប្រទេសវិញប្រកបដោយសុខ និងសុវត្ថិភាព៕