រដ្ឋមន្ដ្រីក្រសួងកសិកម្ម៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលខាងមុខ គឺជាកត្តាកំណត់ជោគវាសនាប្រទេសកម្ពុជា ==========

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែមិថុនានេះ បានសង្កត់ធ្ងន់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ជាកត្តាដ៏សំខាន់ក្នុងការកំណត់ជោគវាសនាប្រទេសកម្ពុជា។ ឯកឧត្តមបានរំឭកប្រជាជនខ្មែរគ្រប់រូប ឱ្យអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងយ៉ាងដូច្នេះ នាឱកាសលោកអញ្ជើញជាអធិបតី នៅក្នុងពិធីចុះកិច្ចព្រមព្រៀងកិច្ចសន្យាផលិតកម្មដំណាំស្រូវ នៅខេត្តកំពង់ធំ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកសិកម្ម។ គំនិតផ្ដួចផ្ដើមឱ្យមានកិច្ចសន្យាកសិកម្មនេះ ធ្វើឡើងដើម្បីរួមចំណែកដោះស្រាយបញ្ហាទីផ្សារសម្រាប់ប្រជាកសិករ។ ឯកឧត្តមថ្លែងបន្ថែមថា ការចុះកិច្ចសន្យាកសិកម្ម ទាមទារឱ្យភាគីទាំងអស់ ទាំងខាងក្រុមហ៊ុននាំចេញ រោងម៉ាស៊ីនកិនស្រូវ និងសហគមន៍ គោរពកិច្ចសន្យា និងស្មោះត្រង់ជាមួយគ្នា។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជំរុញឱ្យសហគមន៍ប្រើប្រាស់ពូជសុទ្ធ និងអនុវត្តបច្ចេកទេសឱ្យបានត្រឹមត្រូវ ខណៈក្រសួងកំពុងរៀបចំប្រព័ន្ធកសិកម្មថ្មី ដែលមានគោលនយោបាយដាក់មន្រ្តីបច្ចេកទេសកសិកម្មចំនួន១.៦០០នាក់ នៅតាមឃុំទាំងអស់ដែលមានសកម្មភាពកសិកម្ម ព្រមទាំងការគិតគូរពង្រឹងសហគមន៍ ទាំងលើផ្នែកបច្ចេកទេស និងថវិកា។ យ៉ាងណាក៏ដោយ ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា ការងារនេះទាមទារឱ្យមានការចូលរួមពីសំណាក់គ្រប់ភាគីពាក់ព័ន្ធនៅក្នុងវិស័យកសិកម្ម ប្រកបដោយតម្លាភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់។

សូមជម្រាបថា កិច្ចសន្យាកសិកម្មដែលបានចុះហត្ថលេខានាថ្ងៃទី២៧ ខែមិថុនានេះ មានចំនួន ៤៦ កិច្ចសន្យា អនុវត្តដោយសហគមន៍ចំនួន ៤០ និងក្រុមផលិតចំនួន៦។ ក៏មានផងដែរ ការចុះអនុស្សរណៈយោគយល់ចំនួន១ ជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងការធានាការទូទាត់នៅពេលប្រមូលផល ដោយនឹងមានការប្រមូលទិញស្រូវចំនួនជិត២ម៉ឺនតោន និងបន្លែទៅតាមការប្រមូលផលជាក់ស្តែង។ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា កិច្ចសន្យាទាំង៤៦ដែលបានធ្វើឡើងនាពេលនេះរួមមាន៖ កិច្ចសន្យាជាមួយក្រុមហ៊ុន AMRU Rice (Cambodia) Co.,Ltd មានចំនួន ២២ កិច្ចសន្យា ស្មើនឹង ៣ ០០០ តោនស្រូវ និងបន្លែ, ក្រុមហ៊ុនSignatures of Asia Co.,Ltd ចំនួន ៨ កិច្ចសន្យា ស្មើនឹង ៦ ៦៩០ តោន, ក្រុមហ៊ុនKompong Thom Rice Mill 1688 ចំនួន ៤ កិច្ចសន្យា ស្មើនឹង ២ ០២០ តោន, ក្រុមហ៊ុនB.R.M Agro Co.,Ltd ចំនួន ២ កិច្ចសន្យា ស្មើនឹង ២ ៩២៨ តោន,ក្រុមហ៊ុន Daily Fresh Food, រោងម៉ាស៊ីនកិនស្រូវ ជូ ផេង ចំនួន២ កិច្ចសន្យា ស្មើនឹង ១ ១៨០ តោន និងរោងម៉ាស៊ីនកិនស្រូវ ងួន ហុង ចំនួន៣ កិច្ចសន្យា ស្មើនឹង១ ៨៤៥ តោន និងអនុស្សរណៈយោគយល់រវាងក្រុមហ៊ុនSignatures of Asia Co.,Ltd និងស្ថាប័នមីក្រូហិរញ្ញវត្ថុ AMK។

លោក ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសន្យាទាំង ៤៦គ្របដណ្ដប់លើផ្ទៃដីចំនួន ៦ ៦៩០ ហិកតា និងអនុវត្តន៍ដោយកសិករចំនួន ២ ២៣៦ គ្រួសារ នៅក្នុងស្រុកទាំង៧។ បើតាមលោក ចាន់ សុឃាំង មានប្រភេទ ស្រូវមួយចំនួន ដែលភាគីទាំងពីរបានធ្វើកិច្ចសន្យាលើការទទួលទិញរួមមាន៖ ប្រភេទផ្ការំដួលមានចំនួន ៦ ២៣៣ តោន, ស្រូវសែនក្រអូប មានចំនួន ២ ៨៩០ តោន, ស្រូវប្រភេទអូអឹមមានចំនួន១ ៨៥០ តោន, ស្រូវគ្រាប់ខ្ចី ចំនួន ៦ ៦៩០ តោន និងមានកិច្ចសន្យាលើបន្លែតាមបរិមាណជាក់ស្ដែងបន្ថែមទៀត។

ចំណែកឯកឧត្តម សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា ការចុះកិច្ចសន្យាកសិកម្មនេះ ជានិម្មិតរូបនៃការចាប់ផ្តើមរីកចម្រើននៃប្រព័ន្ធខ្សែច្រវាក់តម្លៃ និងការផ្គត់ផ្គង់នៅក្នុងវិស័យកសិកម្មនៅកម្ពុជា ជាពិសេសផលិតកម្មស្រូវ ដែលផ្សារភ្ជាប់ និងធ្វើតំណភ្ជាប់ ទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដូចជា អ្នកផលិត អ្នកកែច្នៃ អ្នកនាំចេញ អ្នកផ្តល់ឥណទាន និងអ្នកផ្គត់ផ្គងធាតុចូល ដើម្បីឆ្ពោះទៅរកគោលដៅរួមមួយគឺ ការកសាងវិស័យស្រូវអង្ករនៅកម្ពុជាឱ្យប្រកបដោយនិរន្តរភាព និងភាពប្រកួតប្រជែងប្រកបដោយប្រាក់ចំណេញ។

គួរជម្រាបដែរថា ពិធីចុះកិច្ចព្រមព្រៀងដែលគ្រោងរៀបចំជារៀងរាល់ឆ្នាំនេះ គឺជានិមិត្តសម្រាប់បង្កើនទំនុកចិត្ត ភាពជឿជាក់ និងជំរុញដល់សហគមន៍កសិករ និងក្រុមហ៊ុននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យចូលរួមបន្ត និងលើកកម្ពស់បន្ថែមទៀតនូវយន្តការកិច្ចសន្យាកសិកម្មដ៏មានសារសំខាន់នេះ ហើយរួមគ្នាលើកកម្ពស់ទំនាក់ទំនង និងបង្កើតទីផ្សារសម្រាប់សហគមន៍កសិកម្ម បណ្តាម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុនអ្នកនាំចេញ៕
