ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត ប្រគល់រថយន្តដឹកជញ្ជូន ២៣០គ្រឿង អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ

ភ្នំពេញៈ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូន ជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវក្តីរីករាយអបអរសាទរចំពោះការប្រគល់-ទទួលរថយន្តដឹកជញ្ជូនសរុបចំនួន ២៣០ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៦២ អង្គភាព ។ ព្រឹត្តិការណ៍នេះ គឺជាជំហានទី២ នៃការកៀរគរធនធានក្នុងទ្រង់ទ្រាយធំរបស់សប្បុរសជនខ្មែរ, ក្រុមហ៊ុនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាការគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិយើង ។
